ក្រុមហ៊ុនចិនធំមួយមានបំណងចង់បង្កើតរោងចក្រកែច្នៃទឹកដូងនៅកម្ពុជា

ក្រុមហ៊ុន Coconut Palm Group Co., Ltd ដែលជាក្រុមហ៊ុនផលិតដូងធំជាងគេនៅប្រទេសចិន បានសម្រេចចិត្តមកសិក្សាលម្អិតអំពីតម្រូវការ និងលទ្ធភាពផ្គត់ផ្គង់ផ្លែដូងដើម្បីបង្កើតរោងចក្រកែច្នៃទឹក​ដូងនៅកម្ពជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារ

ក្រុមហ៊ុនចិនធំមួយមានបំណងចង់បង្កើតរោងចក្រកែច្នៃទឹកដូងនៅកម្ពុជា

ក្រុមហ៊ុន Coconut Palm Group Co., Ltd ដែលជាក្រុមហ៊ុនផលិតដូងធំជាងគេនៅប្រទេសចិន បានសម្រេចចិត្តមកសិក្សាលម្អិតអំពីតម្រូវការ និងលទ្ធភាពផ្គត់ផ្គង់ផ្លែដូងដើម្បីបង្កើតរោងចក្រកែច្នៃទឹក​ដូងនៅកម្ពជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ​ចិន​។

លោក ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd បានបញ្ជាក់ថា ក្រុមហ៊ុន Coconut Palm Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានទីតាំងនៅខេត្តហាយណាន ហើយក្នុងមួយឆ្នាំអាចរកចំណូលបាន ៤០០ លានដុល្លារពីផលិតផលដូង ដោយប្រើនិយោជិក៦ពាន់នាក់ និងបាននាំចេញផលិតផល ដូងទៅកាន់ចំនួន៣៨ប្រទេស។

លោកបន្តថា បច្ចុប្បន្នដោយសារផ្លែដូង បានធ្វើឲ្យកសិករខេត្តហាយណានមានការកែប្រែមុខមាត់ថ្មី ជីវភាព​ធូរធារ សេដ្ឋកិច្ចគ្រួសាររឹងមាំល្អ ហេតុនេះបានជា ក្រុមហ៊ុនរបស់លោក សម្រេចចិត្តមកសិក្សាលម្អិតបន្ថែមដើម្បីធ្វើការវិនិយោគលើដំណាំនេះនៅកម្ពុជា ។ លោកថា ក្រុមហ៊ុននឹងត្រូវការដីចំនួន ១៤ ពាន់ហិកតា។

ការលើកឡើងរបស់លោក ZHAO BO គឺធ្វើឡើងនៅពេលលោកបានចូលជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅឯទីស្ដីការក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ។

លោក BO បានបញ្ជាក់ទៀតថា ការដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺ​ទី​១-ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងដើម្បីធ្វើការវិនិយោគ និងទី២-សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែ​ដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

លោកបន្ថែមថា នឹងរៀបចំក្រុមការងារបច្ចេកទេសមកកម្ពុជាម្តងទៀតក្នុងពេលឆាប់ៗ ដើម្បីសិក្សាដី ក្សេត្របរិស្ថាន សក្តានុពលនៅតាមតំបន់ ទីផ្សារ និងច្រកនាំចេញ។

ចំណែកលោក វេង សាខុន បានឆ្លើយតបថា លោកគាំទ្រពេញទំហឹងចំពោះគម្រោង​វិនិ​យោគដូងនេះ ព្រោះលោកថា វាស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់លើកកម្ពស់ជីវភាពរបស់កសិករ។

លោក វេង សាខុន ចង់ឱ្យក្រុមហ៊ុនចិននេះគួរសហការជាមួយប្រជាជនឬម្ចាស់ចំការ ដោយប្រមូលទិញផលិតផលតាមរយៈកិច្ចសន្យា ផ្តល់ពូជ បច្ចេកទេស និងជី ហើយបើអនុវត្តតាមរបៀបនេះ នឹងអាចចាប់ផ្តើមបានឆាប់ ជាពិសេសកសិករនៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែជាតំបន់មានសក្តានុពល។ ទី២- ការប្រើប្រាស់ដីសម្បទានដែលមានស្រាប់ តែត្រូវសហការជាមួយសម្បទានិកដែលមិនបានប្រើប្រាស់ឲ្យអស់សក្តានុពល ប៉ុន្តែគួរសិក្សាពីលក្ខណៈដីផងដែរ ចំណុចនេះទាមទាពេលវេលា សិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ។

លោកថា«ប្រសិនបើក្រុមហ៊ុនទទួលបានជោគជ័យ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងប្រជាជនច្បាស់ជាសាទរ នឹងបន្តគាំទ្រនិងសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យបន្ថែមទៀត»៕