រដ្ឋបាលរាជធានីភ្នំពេញកំណត់ទីតាំង២កន្លែងដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសទីតាំង២ កន្លែង ដើម្បីសាងសង់ស្ពាន​ឆ្លងកាត់ទន្លេបាសាក់​ដែលគ្រោងនឹងចាប់ផ្តើមស្ថាបនាឡើងនៅពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញកំណត់ទីតាំង២កន្លែងដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសទីតាំង២ កន្លែង ដើម្បីសាងសង់ស្ពាន​ឆ្លងកាត់ទន្លេបាសាក់​ដែលគ្រោងនឹងចាប់ផ្តើមស្ថាបនាឡើងនៅពេលដ៏ខ្លីខាងមុខនេះ។

ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងការធ្វើឲ្យបានប្រសើរឡើងនៅលើបណ្តោយផ្លូវជាតិលេខ១  ផ្លូវ​លេខ​៣៦៩ ត្រើយខាងកើត ខណ្ឌច្បារអំពៅ មកផ្លូវជាតិលេខ២ និងផ្លូវតភ្ជាប់មួយចំនួនទៀត គឺចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសា​ក់​តាខ្មៅ (ស្ពានព្រែក​សំរោង)

បើយោងតាមកិច្ចប្រជុំនារសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២០ នៅឯសាលា​រាជធានីភ្នំពេញ  ក្រុមការងារនឹងចុះសិក្សាគម្រោង​សាង​សង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ពីសង្កាត់ព្រែក​ប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែល ដឹកនាំប្រជុំដោយលោក  ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ (ស្ពានព្រែកសំរោង) គឺមានចន្លោះពីស្ពានព្រះមុនីវង្ស ទៅស្ពានទន្លេបាសាក់ តាខ្មៅមានប្រវែងប្រមាណ ៧.៥៣៨ម៉ែត្រ មានបណ្តាញផ្លូវមេចំនួនពីរខ្សែ សណ្តូកតាមបណ្តោយទន្លេបាសាក់ ។

ទី១៖ ផ្លូវលេខ ៣៦៩ អមផ្នែកខាងកើតទន្លេ ដែលមានទទឹង ចន្លោះពី២០ ទៅ៣០ម៉ែត្រ។ ទី២៖ ផ្លូវជាតិលេខ២ អមផ្នែកខាងលិចទន្លេ ដែលមានទទឹង ៣០ម៉ែត្រ ចាប់ពីស្ថានព្រះមុន្នីវង្ស ដល់រង្វង់មូល ព្រះនរាយណ៍ មានប្រវែងប្រមាណ ៤.២៨២ម៉ែត្រ បន្តឆ្លងកាត់ទីក្រុងតាខ្មៅ និងផ្លូវជាតិលេខ២១។

ក្នុងតំបន់នេះ ជាចរន្តដែលត្រូវធ្វើចរាចរណ៍ឆ្លងកាត់ ចូលមកផ្នែកកណ្តាលនៃរាជធានីភ្នំ​ពេញ ដែលបណ្តាលឲ្យចរារណ៍កកស្ទះ ដោយសារកំណើនសេដ្ឋកិច្ចទីផ្សារ និងប្រជាពលរដ្ឋ ដូចនេះចាំបាច់ត្រូវធ្វើការអភិវឌ្ឍ ដោយសិក្សារកដំណោះស្រាយបញ្ហាកកស្ទះ តាមរយៈការ​សាង​សង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងបណ្តាញផ្លូវមេសំខាន់ៗមួយចំនួន។

គម្រោងទី១៖ តភ្ជាប់ត្រង់ភូមិទួលរកា ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧញ៉ាមហា សប្បរសភោគាធិបតី ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០​-៥០​ម៉ែត្រ មានប្រវែងសរុបប្រមាណ៨៨៧ម៉ែត្រ។

គម្រោងទី២៖ តភ្ជាប់ត្រង់ភូមិទួលរកា ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ស្ថាបនាចាប់បន្តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ មហាឧបាសក ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវ​លេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ ៥០-៦០ម៉ែត្រ ដែលមានប្រវែង ៩០០ម៉ែត្រ។

ប៉ុន្តែទោះបីជាយ៉ាងណា នេះគ្រាន់តែជាគម្រោង ដែលបាននិងកំពុងសិក្សានូវឡើយទេ មិនទាន់កំណត់ថា នឹងត្រូវសាងសង់នៅពេលណាឲ្យបានច្បាស់លាស់នោះទេ៕