ក្រុម​មេ​ដឹកនាំ​ពិភព​លោក ថ្កោល​ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព ​US នៅ​អ៊ីរ៉ាក់

ក្រុង​ប៉ារីស៖​ ក្រុម​មេ​ដឹកនាំ​ពិភព​លោក​កាល​ពី​ថ្ងៃ​ពុធ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ាក់ ​ដែល​បាន​ប្រើប្រាស់​ដោយ​អាមេរិក​ និង​ក្រុម​កងកម្លាំង​បរទេស​ផ្សេង​ទៀត​ ហើយ​បាន​ស្នើ​ឲ្យ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​រវាង ក្រុង​តេអេរ៉ង់​ និង​ក្រុង​វ៉ាស៊ីនតោន​។​

ក្រុម​មេ​ដឹកនាំ​ពិភព​លោក ថ្កោល​ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព ​US នៅ​អ៊ីរ៉ាក់

ក្រុង​ប៉ារីស៖​ ក្រុម​មេ​ដឹកនាំ​ពិភព​លោក​កាល​ពី​ថ្ងៃ​ពុធ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ាក់ ​ដែល​បាន​ប្រើប្រាស់​ដោយ​អាមេរិក​ និង​ក្រុម​កងកម្លាំង​បរទេស​ផ្សេង​ទៀត​ ហើយ​បាន​ស្នើ​ឲ្យ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​រវាង ក្រុង​តេអេរ៉ង់​ និង​ក្រុង​វ៉ាស៊ីនតោន​។​

ប្រទេស ​អ៊ីរ៉ង់​ បាន​ថ្លែង​ថា​ ខ្លួន​បាន​បញ្ចេញ​សកម្មភាព​សងសឹក​អាមេរិក​វិញ​ ដែល​បាន​សម្លាប់​ឧត្តម​សេនីយ៍​កំពូល​របស់​​អ៊ីរ៉ង់​លោក ​ហ្គាស៊ី​ សូឡេម៉ានី ​កាល​ពី​សប្តាហ៍​មុន​ ដោយ​បាន​ព្រមាន​ថា​ អ៊ីរ៉ង់​នឹង​វាយ​ប្រហារ​បក​វិញ​ឲ្យ​បាន​ខ្លាំង​ក្លា ​ប្រ​សិន​បើ​ក្រុង​វ៉ាស៊ីនតោន​ហ៊ាន​​ឆ្លើយ​តប​មែន​នោះ​។​

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា​ ប្រទេស ​អ៊ីរ៉ង់ ​«​បាន​បង្ហាញ​អំពី​ការ​ប្រុង​ជើង​ការ​រួច​ជា​ស្រេច​» ​បន្ទាប់​ពី​ធ្វើ​ការ​វាយ​ប្រហារ​មីស៊ីល​របស់​ខ្លួន​​។​

លោក ​ដូណាល់ ​ត្រាំ​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរក​ថា ​មួយ​ចេញ​ពី​សេតវិមាន​ថា​៖ «​ទាហាន​របស់​យើង​ទាំង​អស់​មាន​សុវត្ថិភាព ​ហើយ​មាន​ការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ​ នៅ​ឯ​មូលដ្ឋាន​យោធា​របស់​យើង​នៅ​អ៊ីរ៉ាក់​។​ កងកម្លាំង​អាមេរិក​ដ៏​អស្ចារ្យ​របស់​យើង​បាន​ត្រៀម​លក្ខណៈ​គ្រប់​បែប​យ៉ាង​ទាំង​អស់​រួច​ជា​ស្រេច​»​។​

លោក ​ត្រាំ​ បាន​ប្រកាស​ថា​ ​អាមេរិក​បាន​និង​កំពុង ​«​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​» ​ទៅ​លើ​អ៊ីរ៉ង់​។​

ប្រមុខ​អង្គការ​ណាតូ​លោក​ ចីនស៍ ​ស្តូល​ថែន​ប៊ឺក ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់​ ទៅ​លើ​អាមេរិក​ និង​កងកម្លាំង​ក្រុម​ចម្រុះ​នៅ​​អ៊ីរ៉ាក់​។ ​អង្គការ​ណាតូ​បាន​អំពាវនាវ​ឲ្យ​​អ៊ីរ៉ង់​ឈប់​បង្ក​អំពើ​ហិង្សា​បន្ថែម​ទៀត​»​។​

មន្ត្រី​អង្គការ​ណាតូ​ម្នាក់​បាន​ថ្លែង​ថា​ គ្មាន​កងកម្លាំង​របស់​យើង​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ បាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ​។ ​ក្រុម​សម្ព័ន្ធមិត្ត​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​នឹង​ដក​កងកម្លាំង​មួយ​ចំនួន​ចេញ​ពី​ប្រទេស​មួយ​នេះ​ ដើម្បី​សុវត្ថិភាព​របស់​ពួក​គេ​។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេនចាមីន​ នេតានីយ៉ាហ៊ូ​ ដែល​បាន​ពិពណ៌នា​លោក ​សូឡេម៉ានី ​ថា ​ជា ​«ប្រមុខ​ភេរវករ​» ​របស់​អ៊ីរ៉ង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អ៊ីស្រាអែល​នឹង​ឆ្លើយ​តប​​វិញ​ ប្រសិន​បើ​អ៊ីរ៉ង់​វាយ​ប្រហារ​អ៊ីស្រាអែល​មែន​នោះ​។​

«​ប្រសិន​បើ​ប្រទេស​ណា​មួយ​ហ៊ាន​វាយ​ប្រហារ​យើង​មែន​នោះ​ ហើយ​ប្រទេស​នោះ​នឹង​ទទួល​រង​នូវ​ការ​សំពង​វិញ​យ៉ាង​ខ្លាំង​ក្លា​បំផុត​»​។​

ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ៉្លាឌីមៀរ ពូទីន​ និង​ប្រធានាធិបតី​តួកគី​លោក រ៉េសិបតៃយីប​ អេរដូហ្គែន​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​បន្ទាប់​ពី​កិច្ច​​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​។​

ពួក​គេ​បាន​ថ្លែង​ថា​៖ ​«​យើង​បាន​ជឿជាក់​ថា​ ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​​មក​ និង​ប្រើប្រាស់​កងកម្លាំង​របស់​ប្រទេស​ណា​មួយ​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ ជាមួយ​បញ្ហា​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​មជ្ឈិមបូព៌ា​នោះ​ទេ​»​៕ AFP/SK